ភូមិ​ចំនួន​ពីរ ​នៅ​ស្រុក​កោះធំ​រក្សា​ល្បែង ទាញព្រ័ត្រ​ផ្ដៅ​ បាន​ជាង ១០០ឆ្នាំ


ភូមិ​ចំនួន​ពីរ ​នៅ​ស្រុក​កោះធំ​រក្សា​ល្បែង ទាញព្រ័ត្រ​ផ្ដៅ​ បាន​ជាង ១០០ឆ្នាំ

share on facebook
ថ្ងៃនេះ ម៉ោង 14:12
suy-try-kandal


អស់​រយៈកាល​ជាង ១០០ ឆ្នាំ​កន្លង​ទៅ​ហើយ ​ដែល​អ្នកភូមិ​ចំនួន​ពីរ​ គឺ​ភូមិ​ត្របែក​ពក​ និង ​ភូមិ​ព្រែកឫស្សី​ស្ថិត​នៅ​ក្នុង​ឃុំ​ កំពង់​កុង​ ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ​បាន​នាំគ្នា​ថែរក្សា​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ប្រពៃណី​ល្បែង​ប្រជាប្រិយ​ទាញព្រ័ត្រ។

ជា​រៀងរាល់​ឆ្នាំ​នៅ​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​ពួកគាត់​តែងតែ​នាំគ្នា​ជា​ក្រុម​លេង​ទាញព្រ័ត្រ​ដែលជា​ល្បែង​ដូនតា​របស់​ខ្លួន​បាន​បន្សល់ទុក​ឲ្យ។ សន្ធឹក​ស្រែក​ហ៊ោ​កញ្ជ្រៀវ​អម​ជាមួយ​នឹង​បទ​ភ្លេង​ឆៃយ៉ាំ​ប្រគំ​ព្រម​គ្នា​នៅ​ពេល​អ្នក​ទាញព្រ័ត្រ​ស្រី​ម្ខាង​ប្រុស​ម្ខាង​ប្រឹង​ទាញ​ ដោយ​សេចក្ដី​អរ​រំភើប​មើល​ទៅ​គួរ​ឲ្យ​សប្បាយរីករាយ​នៅត្រង់​ទីកន្លែង​មួយ ​ដែល​ប្រជាជន​គ្រប់គ្នា​តែងតែ​ហៅថា​ដើម​សំរោង។ ដើម​សំរោង ​គឺជា​ឈ្មោះ​ទីកន្លែង​មួយ​ដែល​ស្ថិត​នៅ​ចំ​ចំណុចកណ្ដាល​នៃ​ព្រំប្រទល់​ភូមិ​ត្របែក​ពក ​និង​ភូមិ​ព្រែក​ឬ​ស្សី។ នៅ​ទីនោះ​មាន​រោង​អ្នកតា​ម្ចាស់​ស្រុក​មួយ​ដែល​គេ​និយម​ហៅថា​អ្នកតា​ដើម​សំរោង។

ទាញព្រ័ត្រ-១

លោក ​យ៉ែម​ វ៉ា​ស៊ី​ មាន​ជន្មាយុ ៧៦ ឆ្នាំ ​និង​លោកតា​ទេព​មេន​ជន្មាយុ ៧០ ឆ្នាំ​ រស់នៅ​ក្នុង​ភូមិ​ព្រែកឫស្សី​បាន​មានប្រសាសន៍​ដូចគ្នា​ថា ​តាំងពី​គាត់​កើតមក​ដឹងក្ដី​កាលណា​ឃើញ​តែ​គេ​លេង​ទាញព្រ័ត្រ​នៅ​ទីកន្លែង​អ្នកតា​ដើម​សំរោង​ជាដរាប​មក។ “ខ្ញុំ​មិន​ដឹង​ថា ​ដូនតា​ចាស់ៗ​ប៉ុន្មាន​ជំនាន់​ហើយ ដែល​នាំគ្នា​លេង​ទាញព្រ័ត្រ​ហ្នឹង តែ​ខ្ញុំ​ឃើញ​គេ​លេង​នៅ​ទី​នេះ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង”។

អ្នកស្រី អ៊ុម ​សឿន​ ដែលមាន​តួនាទី​ជា​ជំនួយការ​មេភូមិ​ព្រែកឫស្សី​បាន​ថ្លែង​ថា​ អាយុកាល​នៃ​ការ​លេង​ទាញព្រ័ត្រ​នៅ​ដើម​សំរោង​ហ្នឹង​យូរយារ​ណាស់​មក​ហើយ​ខ្ទង់​ជាង ១០០ឆ្នាំ​ តាំងពី​ដូនតា​មុនៗ​លេង​មករ​ហូត​មិនដែល​ខាន​មួយ​ឆ្នាំ​ណា​ឡើយ ​គឺ​អាក់ខាន​តែ​ជំនាន់ ៣ឆ្នាំ៨ខែ២០ថ្ងៃ (សម័យ​ខ្មែរ​ក្រហម) តែប៉ុណ្ណោះ។



បន្ថែម​ពី​លើ​នេះ មេភូមិ​ត្របែក​ពក​ លោក ​សឿន​ ធី ​វិញ​គាត់​បាន​និយាយ​ថា​ តាំងពី​ក្រោយ​សម័យ​ប៉ុលពត​មក​ក៏​អ្នកភូមិ​របស់​គាត់​នៅ​បន្ត​លេង​ទាញព្រ័ត្រ​ហ្នឹង​ទៀត​រហូតដល់​សព្វ ថ្ងៃនេះ​ដដែល។ ហើយ​នៅ​ឆ្នាំនេះ​គាត់​ចង់​ឲ្យ​យុវជន​យុវនារី​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​ឲ្យ​បាន​ច្រើនជាង​ការ​ជិះ​ម៉ូតូ​ដើរលេង​ខ្វាត់ខ្វែង​អាច​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍។

ទាញព្រ័ត្រ-២


លោក ជា វ៉ាត ​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុង​ភូមិ​ព្រែកឫស្សី​ គឺជា ​អ្នករ៉ាប់រង​ការងារ​ធ្វើ​ព្រ័ត្រ​ជា​រៀងរាល់​ឆ្នាំ​បន្ត​ពី​ដូនតា​ជំនាន់​មុនៗ​គាត់​ថ្លែង​ថា ​អ្នកភូមិ​របស់​គាត់​មិនដែល​យក​ខ្សែពួរ​ ឬ​ខ្សែ​អ្វី​ផ្សេង​ក្រៅពី​ដើម​ផ្ដៅ​នេះ​មក​ធ្វើជា​ព្រ័ត្រ​ឡើយ។ ដើម​ផ្ដៅ​ជា​វត្ថុធាតុដើម​នៃ​ព្រ័ត្រ​នោះ​ជា​រុក្ខជាតិ​វល្លិ​ដែល​ដុះ​នៅ​ក្នុង​ព្រៃរនាម​មាន​ចម្ងាយ​ប្រហែល​១​គីឡូ​ម៉ែត្រ​ ពី​ភូមិ​របស់​ពួកគាត់។ រយៈ​ពេលមុន​ចូលឆ្នាំ​កន្លះ​ខែ​ពួកគាត់​តែងតែ​នាំគ្នា​ទៅ​បោច​ផ្ដៅ​ហើយ ​ហាល​វា នៅ​ពេល​ជិត​ដល់​ថ្ងៃ​ចូលឆ្នាំ​ក៏​ជញ្ជូន​អូស​មក​កន្លែង​ដើម​សំរោង​នាំគ្នា​វេញ​ធ្វើជា​ព្រ័ត្រ។

លោក ​ជា ​វ៉ាត ​បញ្ជាក់ថា​ ក្នុង​ព្រ័ត្រ​មួយ​ហ្នឹង​ចំណាយ​ផ្ដៅ​ចំនួន ៤ ទៅ ៥ ចន្ទាស ​ក្នុង ១ ចន្ទាស ​មាន ២០ដើម​ហើយ​ក្នុង​ផ្ដៅ​មួយ​ដើម​ប្រវែង​ពី ១០-១៥ម៉ែត្រ។ ការ​ខិតខំ​ចំណាយ​កម្លាំង​ទៅ​បោច​ផ្ដៅ​មក​ធ្វើ​ព្រ័ត្រ​ជា​រៀងរាល់​ឆ្នាំនេះ ​លោក​ ​ជា ​វ៉ាត ​ចង់​ឲ្យ​​មនុស្ស​ជំនាន់​ក្រោយ​បាន​ស្គាល់​ពី​វប្បធម៌​ទំនៀម​ទម្លាប់​ប្រពៃណី​ល្បែង​ប្រជាប្រិយ​ ដែល​ដូនតា​បាន​បង្កើត ​និង​បន្សល់ទុក​ឲ្យ​​លេង​កម្សាន្ត​ក្នុង​ន័យ​ថែរក្សា​ប្រពៃណី ជាតិ។

លោក ​ជុំ​ សុខ ​អាយុ ៦៣ឆ្នាំ ​ជា​គ្រូពេទ្យ​នៅ​មណ្ឌល​សុខភាព​ឃុំ​កំពង់​កុង ​និង​ត្រូវជា​ម្ចាស់ផ្ទះ ​នៃ​ទីតាំង​ដែល​គេ​លេង​ទាញព្រ័ត្រ​នោះ​គាត់​បាន​​និយាយ​ថា “រឿង​ព្រ័ត្រ​ផ្ដៅ​ហ្នឹង​បើ​តាម​ខ្ញុំ​ដឹងខ្លះៗ​ព្រោះ​ខ្ញុំ​អាយុ ៦៣ឆ្នាំ​ទៅហើយ​ឃើញ​តែ​គេ​លេង​អញ្ចឹង។ ប៉ុន្តែ​ខ្ញុំ​បាន​សួរ​ឪពុក​របស់ខ្ញុំ ​ដែល​គាត់​ស្លាប់​ទៅជិត២០ឆ្នាំ​ទៅ​ហើយ​ហើយ​កាល​ឪពុក​ខ្ញុំ​ស្លាប់​គាត់​មាន​អាយុ ៨២ ឆ្នាំ​កាល​គាត់​នៅ​រស់​ខ្ញុំ​បាន​សួរថា ​តើ​ព្រ័ត្រ​ហ្នឹង​កើត​ត្រឹម​ឆ្នាំ​ប៉ុន្មាន​មក? ឪពុក​ខ្ញុំ​គាត់​ឆ្លើយ​ថា​ គាត់​អត់​ច្បាស់​ឆ្នាំ​ណា​ប្រាកដ​ទេ​គាត់​ឃើញ​តែ​គេ​លេង​ចឹង​ដែរ…។ អញ្ចឹង​បាន​ប្រហែល​ជាង ១០០ឆ្នាំ​ហើយ ​ល្បែង​ព្រ័ត្រ​ហ្នឹង​តាម​គិត​ទៅ។”

ទាញព្រ័ត្រ-៣


បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ៣ថ្ងៃ​ចប់ គេ​ចាប់ផ្ដើម​ធ្វើបុណ្យ​អ្នកតា​ដើម​សំរោង​ជា​បន្តបន្ទាប់ ចំនួន ២យប់ ៣ថ្ងៃ​ទៀត ហើយ​នាំគ្នា​លេង​ទាញព្រ័ត្រ​នៅ​អំឡុង​ប៉ុន្មាន​ថ្ងៃបុណ្យ​នោះ។ ក្រៅពី​លេងល្បែង​ប្រជាប្រិយ​នេះ មានការ​ពូន​ភ្នំខ្សាច់ ការ​ស្រង់​ទឹក ​អ្នកមានគុណ និង​ ពិធីបុណ្យ​តាម​បែប​សាសនា​ជាច្រើន​ទៀត ។

នៅ​ថ្ងៃ​បញ្ចប់​កម្មវិធី​បុណ្យ គេ​នាំគ្នា​ទាញព្រ័ត្រ​ផ្ដៅ​នោះ​ឲ្យ​ដាច់​ជា​ពីរ​កំណាត់ ដើម្បី​ផ្ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំថ្មី និង​ បួងសួង​សុំ​សេចក្ដី​សុខ​កើតមាន​ដល់​ភូមិ​ស្រុក​ផងដែរ ។ ល្បែង​ទាញព្រ័ត្រ​នេះ​ជា​និមិត្ត​រូបតំណាង​ការ​រួបរួម​សាមគ្គី​គ្នា​រវាង​យុវជន​យុវនារី ប្រជាជន និង​ប្រជាជន ។

លោក ជុំ សុខ និង​អ្នកភូមិ​ផ្សេងទៀត​មាន​សេចក្ដីសោមនស្ស​រីករាយ​យ៉ាង​ខ្លាំង​នៅ​ពេល​ដឹងថា ល្បែង​ទាញព្រ័ត្រ​ត្រូវ​បាន​អង្គការ​យូណេស្កូ​ទទួលស្គាល់ ដោយ​​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ៕


Comments

Popular posts from this blog

ស្ពានកោះធំ ស្ពានឆ្លងកាត់ទន្លេបាសាក់ Kandal province

Trailer ដំបូង​ក្នុង​រឿង xXx វគ្គ​ថ្មី ដែលមាន Angkor Wat Back ground ប្រជុំ​ដោយ Neymar, Vin Diesel និង​តួ​ល្បីៗ​ច្រើនទៀត!

អាចារ្យអេ៖ លោក និង វិទ្យុABC ប្រកាស​សង្គ្រាម​ជាមួយ​នឹង​មន្ទីរនិង​ក្រសួង​សុខាភិបាល